១.​​ អំពីកម្មវិធី

- កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងប្រារព្ធឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ១១កើត ដល់ថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងប្រារព្ធឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»

- ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងក្រោមការគាំទ្រដោយកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (ដំណាក់កាលទី៣) មូលនិធិអភិវឌ្ឍន៍ជំនាញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ។

- ពិព័រណ៍ការងារថ្នាក់ជាតិនេះ នំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ដែលនឹងចូលរួមដាក់តាំងបង្ហាញចំនួនប្រមាណ ១៥០ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាមធ្យមប្រមាណជាង ៣០០០០កន្លែង

- ទន្ទឹមនឹងនេះ ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លុះបញ្ចាំងពីប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» បំផុសគំនិតទាក់ទងនឹងផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗដែលមានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។


១.១ ចំនួនអ្នកចូលរួមកម្មវិធីបើក និងកិច្ចពិភាក្សា

តារាងទី១៖ អ្នកចូលរួមបើកកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥៖

ល.រ បរិយាយ ចំនួនស្ថាប័ន ចំនួនអ្នកចូលរួម
គណៈអធិបតី ២៦ ៣១
អង្គភាពក្រោមឱវាទ MLVT
ក្រសួង/ស្ថាប័នពាក់ព័ន្ធ ២០ ២០
សាកលវិទ្យាល័យ / វិទ្យាស្ថាន ២០ ១២០០
ដៃគូអភិវឌ្ឍន៍/អង្គការមិនមែនរដ្ឋាភិបាល ១៦ ៣២
សមាគម/សហជីព/សហព័ន្ធ ៤១ ៨៦
ក្រុមហ៊ុនចូលរួម ១៥០ ៣០០
សរុបអ្នកចូលរួមកម្មវិធីបើក ២៧៧ ១៦៧៧

តារាងទី២៖ ចំនួនអ្នកចូលរួមកិច្ចពិភាក្សាលើប្រធានបទស្តីពី «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»

ល.រ បរិយាយ ចំនួនស្ថាប័ន ចំនួនអ្នកចូលរួម
សាកលវិទ្យាល័យ/វិទ្យាស្ថាន ១០ ៣០០
ដៃគូអភិវឌ្ឍន៍/អង្គការមិនមែនរដ្ឋាភិបាល ១០ ១០
សមាគម/សហជីព/សហព័ន្ធ ២០ ២០
សរុបអ្នកចូលរួមកិច្ចពិភាក្សា ៤០ ៣៣០

១.២ គោលបំណងរួមនៃកម្មវិធីពិព័រណ៍

គោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ការងារនាពេលនេះរួមមាន៖

• បង្កើតជាវេទិកាជំនួបដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ។

• បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ក្នុងន័យជំរុញឱ្យអ្នកចូលរួមមើលឃើញខ្លួនឯងជាផ្នែកមួយដ៍សំខាន់នៃកម្លាំងពលកម្ម ដែលកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាស្តីពីការចែករំលែកបទពិសោធដោយ វាគ្មិនដែលមានបទពិសោធក្នុងវិស័យការងារ និងបច្ចេកវិទ្យា។

• បង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោម ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួម ពិព័រណ៍ការងារ និងផលិតភាពជាតិ។


១.៣ អំពីកិច្ចពិភាក្សា

នៅក្នុងកម្មវិធីពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ នឹងរួមបញ្ចូលកិច្ចពិភាក្សាលើប្រធានបទ៖ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសរួមមាន ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរនៅកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។      គោលបំណងនៃប្រធានបទពិភាក្សានេះ គឺដើម្បីបង្ហាញឱ្យអ្នកចូលរួមបានយល់ច្បាស់ពីតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងនាពេលអនាគត។ តាមរយៈការផ្សារភ្ជាប់គ្នារវាងជំនាញចាំបាច់ (ទាំងជំនាញទន់ និងជំនាញបច្ចេកទេស) និងការប្រើប្រាស់បច្ចេកវិទ្យា ដែលអាចជួយអ្នកចូលរួមទាំងអស់បង្កើនផលិតភាពការងារផ្ទាល់ខ្លួន និងស្វែងរកឱកាសការងារថ្មីៗ។ វេទិកានេះនឹងលើកទឹកចិត្តអ្នកចូលរួមឱ្យចាប់យកឱកាសដែលមាននៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។


១.៤ អំពីការប្រកួតប្រជែងនិយាយជាសាធារណៈ

នៅក្នុងកម្មវិធីពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងមានការរួមបញ្ចូល «ការប្រកួតប្រជែងនិយាយជា សាធារណៈ ស្តីពីផលិតភាពការងារ ដើម្បីអនាគតកម្ពុជា» របស់សិស្សានុសិស្សវិទ្យាល័យ។ កម្មវិធីនេះផ្តួចផ្តើមរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សមាគមសហគ្រិនវ័យក្មេងកម្ពុជា វេសឡាញ អេឌ្យូខេសិន គ្រុប និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិស្សវិទ្យាល័យឱ្យចាប់ផ្តើមយល់ពីសារៈសំខាន់នៃផលិតភាព ការងារសំដៅជំរុញការត្រៀមខ្លួនចូលទីផ្សារការងារ និងលើកទឹកចិត្តសិស្សឱ្យគិតស៊ីជម្រៅ និងប្រកបដោយភាពច្នៃប្រឌិត ពីដំណោះស្រាយលើបញ្ហាប្រឈមនៃផលិតភាពការងារ និងពង្រឹងជំនាញទំនាក់ទំនង និងធ្វើបទបង្ហាញ ទន្ទឹមនឹងការកសាងទំនុកចិត្ត និងភាពជាអ្នកដឹកនាំ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល សាលារៀន និងដៃគូវិស័យឯកជនក្នុងការកសាងការយល់ដឹង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងមានការចូលរួមពីបេក្ខជនឆ្នើមចំនួន ៩រូប ដែលនឹងឡើងមកបង្ហាញសមត្ថភាពដើម្បីដណ្តើមពានរង្វាន់ជ័យលាភី ដែលរួមមានពានរង្វាន់មាស ប្រាក់ សំរឹទ្ធិ និងឧបករណ៍អេឡិចត្រូនិកទំនើបៗ។ ការប្រកួតនឹងត្រូវធ្វើការវាយតម្លៃ និងផ្តល់ពិន្ទុដោយគណៈកម្មការមកពីស្ថាប័នចំនួន ៤ រួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា វេសឡាញ អេឌ្យូខេសិន គ្រុប និងសមាគមនិយោជកកម្ពុជា។


១.៥ ការរំពឹងទុកនៃកម្មវិធី

ការរំពឹងទុកសម្រាប់ពិព័រណ៍ឆ្នាំនេះ៖

• ក្រុមហ៊ុនដែលចូលរួមតាំងបង្ហាញនៅឆ្នាំ២០២៥ នេះ មានចំនួន ១៥០ក្រុមហ៊ុន ដែលមានការបែងចែងជាតំបន់ទៅតាមវិស័យនីមួយៗ ដូចជាវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង វិស័យសំណង់ វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ វិស័យអប់រំ វិស័យលក់ដុំ និងលក់រាយ វិស័យទេសចរណ៍ វិស័យឧស្សាហ៍កម្មយានយន្ត និងអេឡិចត្រូនិច វិស័យរោងចក្រកាត់ដេរ កម្មន្តសាល វិស័យជ្រើសរើសឯកជន និងក្រសួងស្ថាប័នដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន

• អ្នកចូលរួមរំពឹងថានឹងមានការកើនឡើងដល់ប្រមាណជាង ៥ម៉ឺននាក់ (កើនជិត ១ម៉ឺននាក់ធៀបនឹងឆ្នាំមុន)

• អ្នកចុះឈ្មោះស្វែងរកការងារនឹងកើនដល់ ១ម៉ឺននាក់ និងអ្នកទទួលបានការងារនឹងកើនដល់ ៣ពាន់នាក់


២. ប្រវត្តិពិព័រណ៍ការងារ និងផលិតភាពជាតិ

ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ចំនួន ១៤លើក

តារាងទី៣៖ សាវតានៃការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ពីឆ្នាំ ២០១១-២០២៤

ល.រ ឆ្នាំ ទីតាំង ចំនួនអ្នកចូលរួម ចំនួនក្រុមហ៊ុន ចំនួនស្តង់ ចំនួន CV ចំនួនឱកាសការងារ ចំនួនអ្នកទទួលបានការងារ
២០១១ វិទ្យាស្ថានជាតិអប់រំ ៣,៥០០ 0 0 ១,០៧២ ២,០០០ ២៤៩
២០១២ កោះពេជ្រ ៧,០០០ ៣៨ ៦២ ១,៧០០ ២,៣០០ ៣៩១
២០១៣ កោះពេជ្រ ១៨,៧០០ ៣៨ ៧០ ១,៨០០ ៣,៨០០ ៤៨១
២០១៤ កោះពេជ្រ ២១,០០០ ៦០ ៩២ ៣,៩០០ ៥,០០០ ៤១៦
២០១៥ កោះពេជ្រ ២៣,០០០ ៧៥ ១០៦ ៣,៥០០ ៧,០០០ ៥៩១
២០១៦ កោះពេជ្រ ២២,០០០ ៩៦ ១៣៨ ៧,០០០ ១០,០០០ ៧២១
២០១៧ កោះពេជ្រ ២៧,៣៨៧ ១០៨ ១៤៧ ២៨,៦៤៧ ១៩,៣៩៨ ១,២២១
២០១៨ កោះពេជ្រ ២៨,៧៤៧ ១២៨ ១៧៥ ៤៥,៣៦២ ២០,០៩៥ ១,១៧៤
២០១៩ កោះពេជ្រ ២៨,៨៥០ ១១១ ១៩២ ៤៩,៥១៤ ១១,៧១៦ ៩៣៩
១០ ២០២០ NCPF Online ៣០,០០០ ៤២ ៤២ ១,៥០៨ ៥,៥២២ ៧៩
១១ ២០២១ NCPF Online ៦៤,៩២៩ ៩៩ ៩៩ ១,១៨៧ ២២,៧៤៨ ១៧៧
១២ ២០២២ កោះពេជ្រ ៣៣,៩៤៣ ១០៥ ១៤៣ ២៤,០៤២ ២០,០០០ ៨៨២
១៣ ២០២៣ កោះពេជ្រ ៣៤,៨២១ ១៥០ ១៨៨ ២២,១៩២ ២១,៥៣១ ១,៣៤១
១៤ ២០២៤ កោះពេជ្រ ៤១,៤២២ ១៥០ ១៩៣ ២១,៦៣៣ ៦០,០០០ ១,០៧១