១. សាវតា
ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន១៣លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ក្នុងឆ្នាំ២០២៤នេះ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនឹងត្រូវបានរៀបចំសាជាថ្មីរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃថ្ងៃសៅរ៍ ៩រោច ដល់ថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។
ពិព័រណ៍ការងារថ្នាក់ជាតិនេះ នឹងត្រូវបានរៀបចំនៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រដ៏ធំទូលាយដែលអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ដែលនឹងចូលរួមដាក់តាំងបង្ហាញ អំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មជាមធ្យមប្រមាណជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនឹងនេះ ពិព័រណ៍ការងារថ្នាក់ជាតិនេះក៏នឹងមានរួមបញ្ចូលសិក្ខាសាលាលើកកម្ពស់ផលិតភាពការងារ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹង ផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ និងសហគ្រិនភាព បញ្ហាប្រឈមនៃផលិតភាព និងបង្ហាញពីការ វិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី។
២. គោលបំណង
- - បង្កើតជាវេទិកាដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាស ការងារ វគ្គអប់រំបណ្តុះបណ្តាលនិងប្រឹក្សាយោបលអាជីព ការងារ និងវិជ្ជាជីវៈ
- - បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារ
- - តាំងបង្ហាញរ៉ូបូតកាហ្វេ ដែលជាស្នាដៃរបស់សិស្សសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ
- -តាំងបង្ហាញបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីក និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង
- - បង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោម ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួម ពិព័រណ៌ការងារ និងផលិតភាពជាតិ។
៣. ការតាំងបង្ហាញបញ្ជររបស់ក្រុមហ៊ុន នៅថ្ងៃសៅរ៍-អាទិត្យ ទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤(សាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ)
- ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដែលក្នុងនោះ មានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៣០,០០០កន្លែង
- អ្នកចូលរួមទស្សនាដោយរំពឹងទុកចំនួន ៤០,០០០នាក់
៤. ដៃគូសហការរៀបចំ
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។